គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Bioflor : PPM និង Biocodex បើកទំព័រថ្មីឡើងវិញនៅកម្ពុជា

កាលបរិច្ឆេទ: ០៩ តុលា ២០២៦ / សុខភាព / Author : ATH Sokren

នៅក្នុងសាលសន្និសីទនៃសណ្ឋាគារ Hyatt Regency  ភ្នំពេញ កាល​ពី​ថ្ងៃទី ៣ ខែតុលា ក្រុមហ៊ុន PPM (Pharma Product Manufacturing) និងក្រុមហ៊ុន​ផលិត​ឱសថ​របស់​បារាំង Biocodex បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ជំហានថ្មីនៃភាពជាដៃគូរបស់ពួកគេៈ «ការបើកដំណើរការជាផ្លូវការឡើងវិញនូវផលិតផល Bioflor នៅលើទីផ្សារកម្ពុជា»។ ផលិតផលនេះមិនផ្លាស់ប្តូរទេ ប៉ុន្តែវាផ្លាស់ប្តូរដៃគូ។ ចាប់​ពី​ពេល​នេះទៅ​ ក្រុមហ៊ុន​ PPM ជា​អ្នក​ទទួលខុសត្រូវលើការផ្សព្វផ្សាយ និងការចែកចាយផ្តាច់មុខផលិតផល Bioflor នៅក្នុងព្រះរាជាណាចក្រ។

ព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តមួយ​នេះត្រូវបានរៀបចំដោយនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ប៉េប៉េអឹមដោយ​ចែក​ជា​ពីរ​ផ្នែក គឺនៅ​ពេល​ព្រឹក​មាន​ការ​រៀប​ចំ​សិក្ខាសាលាវេជ្ជសាស្ត្រក្រោមប្រធានបទ៖ «ការគ្រប់គ្រង ព្យាបាល​បញ្ហារាក និងរាកដោយសារឱសថអង់ទីប៊ីយ៉ូទិក»។

គ្រូពេទ្យប្រហែលប្រាំរយនាក់ចូលរួម​ស្តាប់​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

សិក្ខាសាលានៅ​ថ្ងៃ​នេះ​ផ្តោតទៅ​លើ៖ «ការគ្រប់គ្រង ព្យាបាលបញ្ហារាក និងរាកដោយសារឱសថអង់ទីប៊ីយ៉ូទិក» បានប្រមូលផ្តុំគ្រូពេទ្យប្រហែល ៥០០ នាក់ ទាំងនៅក្នុងសាល និងតាមរយៈប្រព័ន្ធ​ Zoom។ គ្រូពេទ្យ​ឯកទេសចំនួន​បីរូប​បានអញ្ជើញ​ចូល​រួម​ធ្វើ​ជា​វិគ្មិននៅ​ក្នុង​វេទិកានេះ​ដោយរួម​មានៈ លោក​សាស្ត្រាចារ្យមហាបរិញ្ញា ជ័យ វិទ្យា ជាមួយ​នឹង​ការលើកឡើង​ពី​ប្រធាន​បទ៖ «Microbial and Intestinal Health»។ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត លើប្រធានបទពាក់ព័ន្ធនឹង «ការរំខាន ឬខូច​ខាតដល់​បាក់តេរីក្នុងពោះវៀន ក្នុង​ករណីរាកស្រួច​ស្រាល់ និង​រាក​ដោយសារថ្នាំអង់ទីប៊ីយ៉ូទិក» និងលោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត គ្រូពេទ្យឯកទេសជំងឺក្រពះពោះវៀននៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​បក​ស្រាយ​លើប្រធានបទ៖ «Strain Specific Probiotic»។

នៅវគ្គសំណួរចម្លើយ និង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជារួម​មុន​នឹង​បញ្ចាប់​កិច្ច​ពិភាក្សា​លោក​សាស្ត្រាចារ្យមហាបរិញ្ញា ជ័យ វិទ្យា បានសង្កត់ធ្ងន់ថា Bioflor មានប្រយោជន៍ខ្លាំងសម្រាប់តុល្យភាពបាក់តេរីក្នុងពោះវៀន (Flore Intestinal) ហើយយើង​ទាំង​អស់​គ្នា​គួរតែការពារវាឱ្យបានល្អ។

លោកតិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុករបស់ PPM បានបញ្ជាក់ថា កម្មវិធីនេះបាន​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ PPM ក្នុងការបើកដំណាក់កាលថ្មីនៃផលិតផល Bioflor នៅកម្ពុជា ដោយផ្តោតលើសុខភាពក្រពះ​ពោះ​វៀន​ និងការប្រែប្រួលប្រូបាយអូទិក។ លោក​តិច​ ស៊ីម៉ីបាន​គូសបញ្ជាក់​ថា៖ «កិច្ច​សហប្រតិបត្តិការរវាង PPM ជា​មួយ​ BIOCODEX នៅ​ថ្ងៃ​នេះ បាន​ឆ្លុះ​បញ្ចាំងពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​បើក​ដំណាក់​កាល​ថ្មី​នៃផលិត​ផល Bioflor នៅ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹម​ថាកិច្ច​ពិភាក្សានេះនឹង​ផ្តល់​ចំណេះ​ដឹង​បន្ថែម​សម្រាប់​ការ​ថែ​ទាំ​អ្នក​ជំងឺ​ប្រចាំថ្ងៃ​របស់​លោក​គ្រូ អ្នក​គ្រូ​ទាំង​អស់គ្នា»។


«អ្វីដែលគាត់មាន យើងអត់មាន ហើយ​អ្វី​ដែល​​គាត់​អត់មាន គឺយើងមាន »

នៅល្ងាចថ្ងៃ​ដដែល​ ពិធីសម្ពោធ​ជាផ្លូវការផលិតផល Bioflor ឡើងវិញនូវនៅកម្ពុជាបានប្រព្រឹត្តទៅក្រោមវត្តមានឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកគ្រឹះស្ថាន​ផលិត​ឱសថ PPM លោក Ettienne Le Gall ប្រធានទីផ្សារអាស៊ីអាស៊ីប៉ាស៊ីហ្វិកនៃ BIOCODEX និងលោក Bordelong Ross Area Manager and CFO Vietnam និងមាន​ការ​ចូលរួម​ពី​ដៃ​គូចែកចាយ​របស់​ប៉េប៉េអឹម​រួម​ទាំង​ម្ចាស់​ឱសថស្ថាន វេជ្ជបណ្ឌិត​ជិតមួយ​រយ​នាក់​ផង​ដែរ។​

នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សន្និសី​ទ​សារ​ព័ត៌មានលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាងបាន​បញ្ជាក់​ ​ថា ប៉េប៉េអឹម​ និង​ BIOCODEX ជា​ក្រុមហ៊ុន​ពីរ​ដែល​មាន​លក្ខណៈសម្បតិ្ត និង​ប្រវត្តិ​​ប្រហាក់​ប្រហែល​គ្នា​ ហើយ​ផ្តើម​ចេញ​ពី​អ្វី​ៗទាំង​នេះ ​ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ឈាន​ដល់​ការ​សហការ​ចាប់​ដៃគ្នា​ ដើម្បី​ផ្តល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​នូវ​អ្វី​ដែលភាគី​ទាំងសង់ខាង​ត្រូវ​ការ។​

លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាងបាន​សង្កត់​ធ្ងន់​ថា៖« ចំណុច​ខ្លាំង​របស់យើង​គឺ ​ប៉េប៉េអឹម​មាន​ប្រវតិ្ត​ផ្នែក​ឱសថសាស្រ្តនៅ​ប្រទេស​របស់យើង ដោយ​បង្កើត​ថ្នាំ​គីណាល់​មុន​គេ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០។ រីឯ BIOCODEX ក៏​មាន​ប្រវត្តិ​ប្រហាក់​ប្រហែល​គ្នា​ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​ទីផ្សារ​អន្តរ​ជាតិ ចំណែកប៉េប៉េអឹម​ក៏ដូច​គ្នា​ដែរ។ ដូច្នេះ ចំណុច​សំខាន់​របស់​យើង​ គឺ​យើង​មាន​ផលិត​ផល​ស៊ីចង្វាក់​គ្នា អ្វី​ដែល​គាត់​មាន​យើង​អត់មាន​ ហើយ​អ្វី​ដែល​គាត់​អាត់មាន​គឺ​យើង​មាន។ យើង​មាន​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​អនុញ្ញាតិ​ឱ្យយើង​ចាប់​ដៃ​គ្នា ហើយ​យើង​សង្ឃឹម​ថាកិច្ចស​ហប្រតិបត្តិការ​នេះនឹងមាន​រយៈពេល​យូរ​អង្វែងសម្រាប់​បម្រើសុខភាព​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ការ​សហការ​ជា​មួយ​គ្នា​ក្នុង​ការ​ងារ​ឱសថសាស្រ្តទាំង​ក្នុង​នឹង​ក្រៅ​ស្រុក»។​​

ផលិត​ផលនៅ​ដដែរ ប្តូរ​អ្នក​ចែក​ចាយ​ថ្មី

លោក Ettienne Le Gall បានបញ្ជាក់ថា Biocodex ជាក្រុមហ៊ុនឯករាជ្យគ្រប់គ្រងដោយគ្រួសារ ដែលផ្តោតលើទំនាក់ទំនងរយៈពេលវែង។ PPM គឺជាដៃគូដែលយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រទេសកម្ពុជា មានទំនាក់ទំនងរឹងមាំជាមួយអ្នកជំនាញសុខាភិបាល និងប្តេជ្ញាចិត្តខ្ពស់ចំពោះគុណភាព និងបទប្បញ្ញត្តិ។ ក្រុមហ៊ុនទាំងពីរធ្លាប់សហការគ្នារួច​មក​ហើយ​លើ​ផលិត​ផល​ទឹក​អនាម័យ​ស្ត្រីតាមរយៈ Saforelle ហើយការពង្រីកមកដល់ Bioflor គឺជាជំហានបន្ទាប់ដ៏សមស្របបំផុត។

លោកបានជម្រាបដល់អ្នកជំងឺ ឱសថការី វេជ្ជបណ្ឌិត និងអ្នកជំនាញសុខាភិបាលថា អ្វីៗពាក់ព័ន្ធនឹងផលិតផលនៅដដែល ទាំងគុណភាព ទម្រង់ និងការវេចខ្ចប់។ អ្វីដែលផ្លាស់ប្តូរគឺអ្នកផ្តល់សេវាពង្រីកទីផ្សារ និងទទួលខុសត្រូវចំពោះ Bioflor នៅកម្ពុជា ដែលឥឡូវនេះគឺជា​ក្រុមហ៊ុន​ PPM។ អ្នកទាំងអស់គ្នាអាចរំពឹងការគាំទ្រកាន់តែច្រើន និងវត្តមានក្រុមការងារ PPM កាន់តែខ្លាំងនៅតាមមូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងចំណេះដឹង។

លោកបន្ថែមថា នវានុវត្តន៍គឺជាគុណតម្លៃស្នូលរួមគ្នា ហើយនាពេលអនាគត ក្រុមហ៊ុនទាំងពីរនឹងពិនិត្យមើលគម្រោងថ្មីៗបន្ថែមទៀត ប៉ុន្តែបច្ចុប្បន្នផ្តោតលើការសម្ពោធ Bioflor ឡើងវិញឱ្យបានជោគជ័យ។

ការច្នៃប្រឌិត ដែលជាតម្លៃរួមរបស់ក្រុមហ៊ុនទាំងពីរ អាចបើកផ្លូវទៅកាន់គម្រោងថ្មីៗ។ ប៉ុន្តែសម្រាប់ពេលនេះ អ្វី​ដែល​ជា​អាទិភាពចម្បង​នោះ គឺការបើកដំណើរការឡើងវិញនូវ Bioflor ឱ្យជោគជ័យ។

សង្ខេប Bioflor

ប្រូបាយអូទិក ឬ​អតិសុខុមប្រាណ​ចម្បង​ផ្អែកទៅ​លើ Saccharomyces boulardii ដែលជាបាក់តេរីប្រភេទ​​ផ្សិតរស់ កម្រិត ២៥០ មីល្លិក្រាម។ វាមាន​តួនាទី​សម្រាប់ការការពារ និងការព្យាបាលរាករូសស្រួចស្រាល់​ចំពោះកុមារ និងមនុស្សពេញវ័យ វារួមចំណែកដល់ការរក្សាតុល្យភាពនៃមីក្រូប៊ីយ៉ូតនៅ​ក្នុង​ពោះវៀន៕